ឯកឧត្តម ម៉ម ប៊ុននាង ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សរុបចំនួន១៦៥នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ម ប៊ុននាង ឯកឧត្តមបានរំលឹកផងដែរអំពីកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលកាន់តែខិតជិតដល់ហើយ ហេតុនេះសូមអាជ្ញាធរទាំងអស់គ្នាត្រូវតែក្តាប់ជាប់រាល់ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតដែលថ្នាក់លើបានដាក់ចុះ និងជំរុញឱ្យប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានទាំងអស់គ្នា ។
ឯកឧត្តមបានផ្តាំផ្ញើរដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាប័ន និងសមធម៌សង្គម ហើយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បធានាឱ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា ។ ក្រៅពីនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ថែរក្សាសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ និងសូមទៅទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា ។
ប្រភព៖នាយកដ្ឋានព័ត៌មាន